២ ចំណុចដែលឪពុកម្ដាយគ្រប់រូបមិនគួរប្រងើយកន្ដើយចំពោះកូន

កុមារមានការលូតលាស់ជារៀងរាល់ថ្ងៃ ហើយក្នុងនាមជាឪពុកម្ដាយក៏មានអារម្មណ៍ថាធូរស្រាលដែរ។ នៅពេលដែលក្មេងធំឡើង គឺមានន័យថាពួកគេកំពុងតែធ្វើដំណើរទៅរកអនាគតរបស់ពួកគេ។ យ៉ាងណាមិញ ការយល់ឃើញនេះក៏មិនស្ថិតស្ថេរយូរប៉ុន្មានដែរ ព្រោះឪពុកម្ដាយនឹងជួបប្រទះនូវបញ្ហាមួយផ្សេងទៀត នោះគឺគម្លាតទំនាក់ទំនងរវាងម្ដាយឪពុក និងកូនពីមួយថ្ងៃទៅមួយថ្ងៃកាត់តែឃ្លាតឆ្ងាយទៅៗ។ ពេលនោះអ្នកនឹងលែងឃើញកូនក្មេងដែលតែងតែរត់លេង ឬជិះលើខ្នងរបស់អ្នកទៀតហើយ។

១. កូនក្មេងត្រូវការឪពុកម្ដាយលេងជាមួយ និងនៅក្បែរ

កុមារតែងតែត្រូវការឪពុកម្ដាយលេងជាមួយ ឬគេងជាមួយ។ ពួកគេមិនអាចឃ្លាតពីម្ដាយ ឬឪពុកឡើយសូម្បីតែភ្ញាក់ពីគេង ពេលបើកភ្នែកឡើងមិនឃើញគេយំភ្លាម។ មានឪពុកម្ដាយជាច្រើនមិនយល់ ថាហេតុអ្វីបានជាកូនរបស់ខ្លួនបែបនេះ? នៅក្នុងសង្គម កូនពិតជាត្រូវការឪពុកម្ដាយខ្លាំងណាស់ ម្យ៉ាងវិញទៀត ពួកគេនៅក្មេងមិនទាន់យល់ពីពិភពខាងក្រៅ ហើយមានតែឪពុកម្ដាយទេដែលជាអ្នកនាំគេស្វែងយល់ និងរៀនបន្ថែម។ ដូចនេះ មិនថាកាលៈទេសៈណាទេ ឪពុកម្ដាយមិនគួរឃ្លាតឆ្ងាយពីកូនឡើយ។

២. ឪពុកម្ដាយតែងតែខ្វះភាពអត់ធ្មត់ចំពោះកូនៗ

បញ្ហានេះតែងតែកើតមាននៅក្នុងសង្គម។ សម្រាប់ក្មេង គឺត្រូវការឪពុកម្ដាយនៅក្បែរ និងលេងជាមួយ ប៉ុន្ដែឪពុកម្ដាយបែរជាមានអារម្មណ៍មិនល្អទៅវិញ។ កូនក្មេងអាយុបីបួនឆ្នាំត្រូវការម្ដាយថ្នាក់ថ្នម អោបថើប ប៉ុន្ដែម្ដាយបែរជារវល់ពេញមួយថ្ងៃជាមួយកិច្ចការងារផ្ទះដោយទុកកូនចោល។ ពេលឪពុករវល់ជាមួយការងារ លុះដល់ល្ងាចទើបត្រឡប់មកវិញ ក្មេងក៏សប្បាយចិត្តហើយយកសៀវភៅរឿងមកឲ្យឪពុកអានឲ្យស្ដាប់ ប៉ុន្ដែឪពុកបែរជាទុកចោលមិនរវល់។ រឿងបែបនេះប្រហែលជាកើតឡើងជារឿយៗនៅក្នុងគ្រួសារជាច្រើន។

ឪពុកម្ដាយមួយចំនួនមិនមានពេលយកចិត្តទុកដាក់ ព្រោះពួកគាត់រវល់នឹងការងារ។ ចំណែកមួយចំនួនទៀតគិតថា ក្មេងដែលតាម ចង់នៅក្បែរឪពុកម្ដាយពេក ពេលធំឡើងនឹងក្លាយជាមនុស្សទន់ជ្រាយ។ ទៅថ្ងៃមុខអ្នកអាចនឹងស្ដាយក្រោយ ព្រោះពេលក្មេងកាន់តែធំដឹងក្ដី អាយុកាន់តែច្រើន នឹងកាន់តែពិបាកបង្កើតទំនាក់ទំនងឪពុកកូន ស្និទ្ធស្នាលណាស់។

Facebook Comments